Thursday, Apr 17th

Last update07:34:35 AM GMT

You are here: ព័ត៌មានជុំវិញពិភពលោក ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

កម្មករ មេនហាតធេន នឹង​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​បន្ទាប់ពី​​កូដកម្ម​ហិង្សា

  • PDF

ភាគី​ក្រុមហ៊ុន មេនហាតធេន បាន​ទទួល​យក​សំណើ​របស់​កម្មករ​មួយ​ចំនួន​ហើយ ក្នុង​ចំណោម ១២​ចំណុច ដែល​កម្មករ​បាន​ទាមទារ​នៅ​ក្នុង​កូដកម្ម​រយៈ​ពេល ៤ ថ្ងៃ​កន្លង​មក។

កម្មករ​រោងចក្រ មេនហាតថេន (Manhattan) នៅ​កំពង់ចាម បិទ​ផ្លូវ​ជាតិ​លេខ​៧ ដើម្បី​តវ៉ា​រក​ដំណោះស្រាយ នៅ​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

ការ​ទទួល​យក​សំណើ​របស់​កម្មករ​មួយ​ចំនួន​នេះ គឺ​នៅ​បន្ទាប់​ពី​កម្មករ​ជិត ២ ពាន់​នាក់ បាន​ធ្វើ​កុបកម្ម​នៅ​ថ្ងៃ​ទី​បួន ដោយបាននាំគ្នាបិទផ្លូវជាតិលេខ៧មួយសន្ទុះ ក្រោយមក​ពួក​គេ​បាន​នាំ​ទម្លុះ​របង​ចូល​ក្នុង​រោងចក្រ ដោយ​ប្រើ​អំពើ​ហិង្សា គប់​ដុំ​ថ្ម​ទៅ​លើ​អាគារ​រោងចក្រ​មួយ​ចំនួន​ធ្វើ​ឲ្យ​បែក​បាក់​កញ្ចក់​ទ្វារ និង​បង្អួច ដើម្បី​ឲ្យ​ភាគី​ថៅកែ​ចេញ​មុខ​ដោះស្រាយ​ជួន នៅ​ក្រោយ​ពេល​ភាគី​ក្រុមហ៊ុន​មិន​យល់​ព្រម​តាម​សំណើ​របស់​តំណាង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ទោះ​បី​ជា​មាន​មន្ត្រី​នគរបាល និង​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជិត ២០០ នាក់ បាន​ទប់ស្កាត់​ក៏​ដោយ។

ប៉ុន្តែ ក្រោយ​ពី​ផ្ទុះ​អំពើ​ហិង្សា​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​ដដែល តំណាង​ក្រសួង​ការងារ មន្ទីរ​ការងារ​ខែត្រ និង​តំណាង​សហជីព​សេរី​កម្មករ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មេ​បញ្ជាការ​កងរាជអាវុធហត្ថ និង​ស្នង​ការ​ខែត្រ​បាន​ចូលរួម​រក​ដំណោះស្រាយ​ជួន​កម្មករ ដោយ​ឡែក​ភាគី​ក្រុមហ៊ុន​មិន​បាន​ចូលរួម​ដោះស្រាយ​ផ្ទាល់​ទេ ដោយ​ថៅកែ​ចិន​បាន​ចរចា​ជាមួយ​តំណាង​សហជីព តាម​រយៈ​ផ្ញើ​សារ​តាម​ទូរស័ព្ទ។

លោក ជា មុន្នី ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ខាង​ភាគី​ក្រុមហ៊ុន​បាន​យល់​ព្រម​ចំនួន ៥ ចំណុច​ក្នុង​ចំណោម ១២ ចំណុច​ដែក​កម្មករ​បាន​ទាមទារ។ ដោយ​ឡែក​ចំនួន ៤ ចំណុច​ទៀត​ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​ចំនួន ៥០ ភាគរយ និង​មិន​យល់​ព្រម ៥០%។ ៣ ចំណុច​ផ្សេង​ទៀត ក្រុមហ៊ុន​មិន​យល់​ព្រម​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ ក្ដី លោក ជា មុន្នី បាន​បញ្ជាក់​ថា ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​មក​ចូលរួម​ដោះស្រាយ​ទល់​មុខ​គ្នា លោក​នឹង​មក​ជួប​ភាគី​ក្រុមហ៊ុន​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​លើក​បញ្ហា​នេះ​បន្ថែម​ទៀត ប៉ុន្តែ​គេ​មិនទាន់​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។
លោក ជា មុន្នី៖ «មាន ​ចំណុច​មួយ​ចំនួន​ទៀត ដែល​ជា​បទ​បញ្ញត្តិ​របស់​ក្រុមហ៊ុន ត្រូវ​បាន​ក្រុមហ៊ុន​មិន​អនុវត្ត។ តែ​យើង​ត្រូវ​តែ​កែ​តម្រូវ​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​ច្បាប់ ហើយ​រាល់​ការ​ផ្ញើ​សារ​ថ្ងៃ​នេះ​របស់​ក្រុមហ៊ុន​សម្រាប់ ថ្ងៃ​នេះ​នឹង​យក​មក​ពិភាក្សា ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​គោរព​នូវ​រាល់​ចំណុច​ទាំង​អស់​នេះ ក្រុមហ៊ុន​ត្រូវ​តែ​អនុវត្ត​ច្បាប់»។

ភាគី​ក្រុមហ៊ុន​បាន​ យល់ព្រម​ចំនួន ៣ ចំណុច​នោះ​មាន​ដូចជា អនុញ្ញាត​ឲ្យ​កម្មករ​ពាក់​ស្បែក​ក្នុង​ពេល​ធ្វើ​ការ ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អតីត​ភាព​កម្មករ ចំពោះ​កម្មករ​មាន​កិច្ចសន្យា​មាន​ពេល​កំណត់ និង​បញ្ហា​ផ្សេងៗ ទៀត។

ចំពោះ ​បញ្ហា​ដែល​ក្រុមហ៊ុន​យល់ព្រម ៥០%នោះ មាន​ដូចជា កម្មករ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ២ ខែ​ដល់​កម្មករ និយោជក ដែល​មាន​កិច្ចសន្យា​មិន​កំណត់​ថេរវេលា ក្រុមហ៊ុន ត្រូវ​រៀបចំ​កន្លែង​ដាក់​យាន​ជំនិះ​របស់​កម្មករ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ពេល​បាត់បង់ និង​ករណី​ទាមទារ​មួយ​ចំនួន​ទៀត។ ដោយឡែក​នៅ ៣ ចំណុច​ទៀត ដែល​ខាង​ក្រុមហ៊ុន​ មិន​យល់ព្រម​នោះ ភាគី​ក្រុមហ៊ុន​ជញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោះស្រាយ​ជា​ថ្មី តែ​លោក ជា មុន្នី សុំ​ឲ្យ​យក ៣ ចំណុច​នេះ ដោះស្រាយ​រវាង​ភាគី​ក្រុមហ៊ុន ជាមួយ​រួប​លោក​នៅ​សប្ដាហ៍​ក្រោយ​ដែរ។

លោក ខៀវ សាវុធ ជា​អនុ​ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ ដែល​លោក​បាន​ចូលរួម​ដោះស្រាយ​នេះ លោក​មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ជា​ស្ថាពរ រវាង​និយោជក និង​កម្មករ​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​ភាគី​សហជីព និង​តំណាង​ក្រុមហ៊ុន​ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ។
លោក ខៀវ សាវុធ៖ «និយាយ​ឲ្យ​ចំ​ក្រុមហ៊ុន​ត្រូវ​តែ​អនុវត្ត។ បើ​ភាគី​មិន​អនុវត្ត បើ​ភាគី​ណា​មិន​សុខ​ចិត្ត គាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ»។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន មេនហាតធេន លោក សម សីហា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទង​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ចំនួន ១២ ចំណុច​នោះ។ ប៉ុន្តែ លោក​បញ្ជាក់​ថា បញ្ហា​អនុវត្ត​មាន​តំណាង​ក្រុមហ៊ុន​មិន​ចូលរួម​ចរចា​នេះ ដោយសារ​តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​ក្រុម​កម្មករ​ប្រើ​អំពើ​ហិង្សា​មក​លើ​អាគារ​រោងចក្រ​នោះ។
លោក សម សីហា៖ «ខោអាវ ​ដែល​យើង​ដេរ​ហ្នឹង គឺ​សម្រាប់​មន្ទីរពេទ្យ។ អញ្ចឹង​គេ​មិន​ឲ្យ​មេរោគ​ឆ្លង​ទេ។ អ៊ីចឹង​បាន​ជា​គេ​ឲ្យ​ដោះ​ស្បែក​ជើង​ហ្នឹង ពីព្រោះ​អ្នក​បញ្ជា​ទិញ គេ​ទាមទារ​ឲ្យ​ធ្វើ​អ៊ីចឹង។ ប៉ុន្តែ បន្ទាប់​ពី​កម្មករ​បាន​ធ្វើ​កូដកម្ម ហើយ​បាន​ជូន​ដំណឹង​ឲ្យ​អ្នក​បញ្ជា​ទិញ​ដឹង​ហើយ»។

លោក សម សីហា បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ អំពី​ការ​ខូចខាត​អាគារ​រោងចក្រ ដោយសារ​ក្រុម​កម្មករ​បាន​គប់​ដុំ​ថ្ម​មក​លើ​នោះ។ លោក​បញ្ជាក់​ថា លោក​ក៏​មិន​ទាន់​ដឹង​ច្បាស់​ទេ ថា​តើ​ក្រុមហ៊ុន​នឹង​ប្ដឹង​ក្រុម​កម្មករ​យ៉ាង​ណា​នោះ។
លោក សម សីហា បញ្ជាក់៖ «យើង ​មិន​ទាន់​ពិនិត្យ​អស់​ផង ថា​តើ​វា​ខូចខាត​ប៉ុន​ណា? ប៉ុន្តែ មើល​ទៅ​វា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ដែរ គ្រាន់​តែ​ថា​មេ​លោក​មាន​ការ​ភ័យ​ខ្លាច។ លោក​មិន​បាន​មក​ចូលរួម​ដោះស្រាយ​នេះ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាង​កម្មករ​បាន​លើក​ឡើង​ថា ការ​ផ្ទុះ​ហិង្សា​គប់​ដុំ​ថ្ម​ទៅ​លើ​អាគារ​រោងចក្រ​នោះ ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​របស់​ពួក​គាត់​ចំនួន ៤ ថ្ងៃ​មក ហើយ​តំណាង​កម្មករ​បាន​ចូល​ជួប​តំណាង​ក្រុមហ៊ុន​ចរចា​ជា​បន្តបន្ទាប់​តែ​ខាង​ ភាគី​នៅ​តែ​បដិសេធ​ការ​ទាមទារ​របស់​កម្មករ ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​សម្រេច​ប្រើ​អំពើ​ហិង្សា​នោះ។
សំឡេង៖ «ពេល ​ធ្វើ​ការ​រួច​ទៅ​ឲ្យ​កម្មករ​ស្ត្រី​ទៅ​រាំ​អ៊ីចឹង ដូច​វា​មិន​សម។  ក្រុមហ៊ុន​គំរាម​ពី​តាំង​ដឹកនាំ​រហូត​ដល់​ថ្នាក់​ក្រោម ឲ្យ​កម្មករ​ធ្វើ​ឲ្យ​អី​មួយ។ បើ​មិន​ធ្វើ​តាម​ទេ គេ​នឹង​ដក​ចេញ​នៅ​ពេល​បញ្ចប់​កិច្ចសន្យា។ អីចឹង​កម្មករ​ទ្រាំ​ធ្វើ​ទាំង​ឈឺ ទាំង​ជា ខ្លាច​អត់​ការងារ​ធ្វើ។ ដល់​ពេល​បើក​លុយ គេ​មិន​ដែល​បើក​ពេល​ថ្ងៃ​ទេ គេ​បើក​ឲ្យ​ពី​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ១០ យប់ ហើយ​កម្មករ​មាន​ការ​ភ័យ​ខ្លាច​សុវត្ថិភាព»។

ក្រុម​កម្មករ​មួយ​ រូប បាន​លើក​ឡើង​ថា កន្លង​មក ខាង​ក្រុមហ៊ុន​ឲ្យ​កម្មការិនី​ទៅ​បម្រើ​ភ្ញៀវ ច្រៀង​ខារ៉ាអូខេ ជាមួយ​ភ្ញៀវ​នៅ​ពេល​មាន​អ្នក​បញ្ជា​ទិញ​មក​ម្ដងៗ។ ពិសេស​គេ​រំលោភ​សិទ្ធិ​កម្មករ គេ​ចង់​ដក​តំណាង​កម្មករ​ចេញ​ស្រេច​តែ​ចិត្ត​ជាដើម។

កម្មករ​ជិត ២ ពាន់​នាក់​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី ២០ កុម្ភៈ​មក​ហើយ នៅ​ស្រប​ពេល​កម្មករ​រោងចក្រ  កៅវ៉ែ (KaoWay) នៅ​ក្រុង​បាវិត ខែត្រ​ស្វាយរៀង ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន មេនហាតធេន (Manhattan) ដែរ​នោះ បាន​ធ្វើ​កូដកម្ម ហើយ​មាន​ជន​មិន​ស្គាល់​មុខ​បាញ់​កម្មករ​ឲ្យ​របួស​ចំនួន ៣ នាក់។ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ កម្មករ ម៉េនហាតធេន នៅ​ខែត្រ​កំពង់ចាម​នេះ បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​រោង​ចក្រ​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម មក​កាន់​សាលា​ខែត្រ​កំពង់ចាម ដើម្បី​សុំ​អភិបាល​ខែត្រ​ជួយ​អន្តរាគមន៍​ឲ្យ​ភាគី​ក្រុមហ៊ុន​អនុវត្ត​ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

រោងចក្រ មេតហាតធេន មាន​កម្មករ​សរុប​ជាង ២ ពាន់​នាក់។ រោងចក្រ​នេះ ផលិត​សំលៀក​សម្រាប់​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ យក​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ភាគី​ក្រុមហ៊ុន និង​សហជីព​បាន​ព្រមព្រៀង​គ្នា​ឲ្យ​កម្មករ​ចូល​ធ្វើការ​ឡើង​វិញ នៅ​ថ្ងៃច័ន្ទ​ទី​២៧ កុម្ភៈ​សប្ដាហ៍​ក្រោយ

កាល​ពី​ថ្ងៃ​ទី ២៣ កុម្ភៈ កម្មករ​​តវ៉ា​​បិទ​ផ្លូវ​ជាតិ​លេខ​៧៖

កម្មករ កម្មការិនី​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ មេនហាតថេន (Manhattan) ជាង ១ ពាន់​នាក់ នៅ​ក្រុង​កំពង់ចាម នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៧ មួយ​រយៈពេល​ខ្លី ក្នុង​ការ​ធ្វើ​កូដកម្ម​តវ៉ា​ចំពោះ​ថៅកែ​រោង​ចក្រ​ចូល​ដល់​ថ្ងៃ​ទី​បួន នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០១២។

ការ​បិទ​ផ្លូវ​ជាតិ​នេះ គឺ​ស្រប​ពេល​ដែល​តំណាង​កម្មករ ៥ រូប និង​មន្ត្រី​សហជីព ១ រូប ជួប​ប្រជុំ​ជា​មួយ​ភាគី​ថៅកែ​រោងចក្រ ដើម្បី​រក​ដំណោះស្រាយ។

នៅ​ម៉ោង​ប្រហែល ១០ និង ៣០ នាទី ការ​តវ៉ា​បាន​ក្លាយ​ជា​ហិង្សា​គប់​ដុំ​ថ្ម និង​ទម្លាយ​របង​សម្រុក​ចូល​រោងចក្រ បន្ទាប់​ពី​ការ​ទទួល​ដំណឹង​ពី​តំណាង​ពួក​គាត់​ថា គ្មាន​លទ្ធផល​វិជ្ជមាន​ពី​ការ​ចរចា​នោះ។

បើ​ទោះ​ជា​មាន​អំពើ​ហិង្សា​ដូច្នេះ​ក្ដី ក្រុម​សមត្ថកិច្ច​នគរបាល​មិន​បាន​ប្រើ​កម្លាំង​ហិង្សា​ណាមួយ​ទប់ទល់​ក្រុម​ កម្មករ​ទាំង​នោះ​ទេ។

ក្រុម​កម្មករ​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​បំបែក​កញ្ចក់​អាគារ​រោង​ចក្រ ហើយ​រហូត​មក​ដល់​ម៉ោង ១១ និង ៤០ នាទី ក្រុម​កម្មករ​នៅ​គ្រប់គ្រង​បរិវេណ​រោងចក្រ​នៅ​ឡើយ។

សាវតា៖

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ តំណាង​កម្មករ​ចំនួន ៤​រូប បាន​ជួប​អភិបាល​រង​ខែត្រ​កំពង់ចាម នៅ​សាលា​ខែត្រ និង​មន្ត្រី​មន្ទីរ​ការងារ ដើម្បី​ឲ្យ​អភិបាល​ខែត្រ​ជួយ​ជំរុញ​ភាគី​ក្រុមហ៊ុន​គោរព​ទៅ​តាម​ការ​បង្គាប់ ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល តាម​ការ​ទាមទារ​របស់​កម្មករ​ទាំង ១២​ចំណុច។

ការ​ជួប​អភិបាល​ខែត្រ​នេះ ខណៈ​កម្មករ​ជិត ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​ដើរ​ហែ​ក្បួន​ពី​រោងចក្រ​មក​មុខ​សាលា​ខែត្រ​កំពង់ចាម ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​មិន​គោរព​តាម​ការ​បង្គាប់ ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

លោក យ៉ាន់ រ័ត្នកែវពិសី ជា​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​នៃ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ថ្លែង​ថា អភិបាល​រង​ខែត្រ​បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​វិវាទ​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​ដាក់​គំនាប​លើ​ភាគី​ក្រុមហ៊ុន ដែល​មិន​គោរព​សិទ្ធិ​កម្មករ រំលោភ​ច្បាប់​ការងារ ពិសេស​មិន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

លោក យ៉ាន់ រ័ត្នកែវពិសី៖ «នាយកដ្ឋាន​ការងារ​ហ្នឹង​គាត់​ថា ថៅកែ​ពិបាក​ណាស់ ក្បាល​រឹង​ណាស់ ពិបាក​ដោះស្រាយ​ណាស់។ អ៊ីចឹង​ថៅកែ​ម្នាក់​គាត់​មាន​គំនិត​ខូច ធ្វើ​បាប​កម្មករ តើ​ឲ្យ​គាត់​ធ្វើ​បាប​ដដែល ឬ​មួយ​ឲ្យ​ថៅកែ​ហ្នឹង​គោរព​ទៅ​តាម​ច្បាប់?»។

កម្មករ​ទាមទារ ១២​ចំណុច មាន​ជា​អាទិ​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​កិច្ចសន្យា​ការងារ ដែល​កំណត់​ថេរវេលា​របស់​កម្មករ និយោជក ដែល​ធ្វើការ​លើស​ពី ២​ឆ្នាំ ទៅ​ជា​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់។ ទាមទារ​ឲ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ពីរ​ខែ​ដល់​កម្មករ និយោជក មាន​កិច្ចសន្យា​មិន​កំណត់​ពេល​វេលា ពេល​ដែល​គាត់​សុំ​ឈប់​ពី​ការងារ​នោះ។ សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​កន្លែង​ដាក់​យាន​ជំនិះ​របស់​កម្មករ ហើយ​ប្រសិន​បើ​បាត់​ក្នុង​រោងចក្រ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ និង​ចំណុច​ផ្សេងៗ មួយ​ចំនួន​ទៀត។

ក្រុម​កម្មករ​និយាយ​ថា តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន មិន​គោរព​សិទ្ធិ​កម្មករ​នោះ​ទេ ពេល​ធ្វើ​ការ​គេ​តម្រូវ​ឲ្យ​កម្មករ​ដោះ​ស្បែក​ជើង មាន​ការ​រើស​អើង​សហជីព។ នៅ​ពេល​ដឹង​ថា អ្នក​ណា​ម្នាក់​ជាប់​សាច់​ញាតិ​ជាមួយ​តំណាង​កម្មករ​គេ​បញ្ឈប់​អ្នក​នោះ​ពី​ ការងារ។ កម្មករ​បាន​អះអាង​ថា ថ្មីៗ​នេះ ថៅកែ​បាន​បញ្ឈប់​កម្មករ និង​តំណាង​កម្មករ​ចំនួន​បី​នាក់​ហើយ៖ «គាប​សង្កត់​កម្មករ​ណាស់ ហើយ​មិន​ហ៊ាន​តវ៉ា​ទៀត ដល់​ពេល​កំណត់​គេ​ដក​ចេញ»។

ប្រធាន​រដ្ឋបាល​សួន​ឧស្សាហកម្ម មេតហាតថេន លោក សម សីហា មិន​ធ្វើ​អធិប្បាយ​លើ​ករណី​កម្មករ​ធ្វើ​កូដកម្ម​នេះ​ទេ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១២ ដោយ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខែត្រ​កំពង់ចាម លោក ចេង ហ៊ាង មាន​ប្រសាសន៍​ថា លោក​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ម្ដង​ទៀត ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​គោរព​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ អាជ្ញាកណ្ដាល​ទៀត មាន​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

លោក ចេង ហ៊ាង បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ លោក​បាន​ទៅ​សម្របសម្រួល​រវាង​ភាគី​កម្មករ និង​ភាគី​ក្រុមហ៊ុន គឺ​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ចំនួន​បី​ចំណុច​ហើយ ក្នុង​ចំណោម ១២​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ។

កម្មករ​រោងចក្រ មេតហាតថេន ធ្វើ​កូដកម្ម​នេះ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​តាំង​ពី​ថ្ងៃ ​ទី​២០ កុម្ភៈ មក។ ការ​ធ្វើ​កូដកម្ម​នេះ គឺ​ស្រប​ពេល​កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង​កៅវ៉េ (Kaoway) នៅ​ក្រុង​បាវិត ខែត្រ​ស្វាយរៀង ធ្វើ​កូដកម្ម ហើយ​មាន​ជន​មិន​ស្គាល់​មុខ​បាញ់​កម្មករ​របួស​ចំនួន​បី​នាក់​កាល​ពី​ ថ្ងៃ​ទី​២០ កុម្ភៈ។

តំណាង​កម្មករ​ថ្លែង​ថា ពួក​គេ​នឹង​ដឹក​នាំ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះ​ស្រាយ៕

ស្ត្រីមានជំងឺ​មហា​រីក​គល់​.ក​​សម្រេ​ច​ចិត្ត​វះ​កាត់​ ដើម្បី​សង្គ្រោះ​​កូន​កំពុង​ត្រូវ​​ការ​​ជំនួយ​សប្បុរស​

  • PDF

ខេត្តកំពង់ឆ្នាំង ៖ ​ដោយ​សារ​ជីវភាពក្រីក្រ​​ និង​មាន​ជំងឺ​មហា​រីក​គល់.ក​​​ពុំ​អាច​ព្យាបាល​បាន​​ស្ត្រី​អ្នក​ជំងឺ​មាន​​ ផ្ទៃពោះ​​៧​ខែ​​បាន​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​គ្រូ​ពេទ្យ​​វះ​កាត់​ ដើម្បីសង្គ្រោះ​ជីវិត​កូន​ក្នុង​ផ្ទៃ ទោះ​បី​ដឹងថា ​ខ្លួន​ត្រូវ​ស្លាប់​​ក៏​ដោយ​ចុះ ប៉ុន្តែ​​បញ្ហា​សំខាន់​គឺ​ថវិកា​​ដែល​គ្រួសារ​​នាង​ក្រីក្រ​ ហើយ​ប្តី​ពិការ​ទៀត ។

គ្រួសារ​ក្រីក្រ​​នេះ​ប្តីឈ្មោះ​​យន់ វៀត ​អាយុ​៤៧ឆ្នាំ ​ប្រពន្ធឈ្មោះ​​ឡុច ឡេង អាយុ​៣៦ឆ្នាំ ​មាន​កូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ ​បាន​រៀប​រាប់​ថា ​ពួក​ខ្លួន​ទាំងពីរនាក់​បាន​រៀបការ​កាលពី​៧​ឆ្នាំ​មុន ​ក្នុងភូមិ​ប្រាសាទ ឃុំ​​ដា ស្រុក​កំពង់​លែង ។ ​​ស្ត្រី​ជា​ប្រពន្ធ​បាន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​ខ្លួន​មាន​ជំងឺ​​មហា​រីក​​គល់​.ក​​ និង​ពិបាក​​ដក​ដណ្តើម​ ។ កាល​ពី​ថ្ងៃទី​​២២ កុម្ភៈ ទាំងពីរ​នាក់​​​ប្តី​ប្រពន្ធ​បាន​នាំគ្នា​​ទៅ​ពិនិត្យ​​ជំងឺ​នៅ​មន្ទីរ​ ពេទ្យ​​មិត្តភាព​ខ្មែរ​-សូវៀត ហើយ​​គ្រូពេទ្យ​​​ប្រាប់ថា ​​មិន​​អាច​ព្យា​បាល​​​បាន​ទេ ទើប​ត្រឡប់​មក​ផ្ទះវិញ ដើម្បី​ពិគ្រោះ​​គ្នា​ ព្រោះ​​ខ្លួន​មាន​ផ្ទៃ​ពោះ​៧​​ខែ ។ ​ក្រោយ​​ការ​ពិគ្រោះ​​ ខ្លួន​បាន​សម្រេច​​ចិត្ត​ឱ្យ​គ្រូ​ពេទ្យ​​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ការ​វះ​កាត់​ដើម្បី​សង្គ្រោះ​កូន​​​ក្នុង​ផ្ទៃ​ ឯ​ខ្លួន​ជា​​ម្តាយ គឺ​តាមយថា​កម្ម​​ចុះ ។

ដោយ​សារ​តែ​ក្រ​​​រួមទាំង​មានជំងឺ​​មហា​រីក​គល់.ក​ទៀត ​ ដូច្នេះ​មាន​តែ​លើក​ដៃ​​​​សំពះ​សុំ​ក្តី​​សណ្តោស​ពីសប្បុរស​ជន​​មេត្តា​ជួយ​ ​ដាក់​ទាន​​តាម​តែ​អាច​ធ្វើទៅ​បាន​ផង​ចុះ ។ ​នេះជា​ការ​ដង្ហោយ​​រក​ពី​ស្ត្រីខាង​លើ​ដើម្បីសុំ​ក្តី​មេត្តា ។ ​បច្ចុ​ប្បន្ន​ស្ត្រី​រង​គ្រោះ​​កំពុង​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​ ខេត្ត ដើម្បី​​ត្រៀម​ធ្វើ​ការ​​វះ​កាត់​នៅពេល​ខាង​មុខ៕